ភាសាខ្មែរ
How to vote (Khmer)
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមូលដ្ឋាននឹងត្រូវធ្វើឡើហនៅខែតុលានេះ។ យើងនឹងផ្ញើកញ្ចប់សន្លឹកឆ្នោតទៅអ្នក ដើម្បីឱ្យអ្នកអាចបោះឆ្នោតនៅផ្ទះ។
រំលងទៅ
មិនមានការបោះឆ្នោតសម្រាប់ Moira Shire Council នៅឆ្នាំនេះទេ។ អ្នកមិនចាំបាច់បោះឆ្នោតទេ។
តើអ្នកណាអាចចុះឈ្មោះបោះឆ្នោត
មានបញ្ជីអ្នកបោះឆ្នោតពីរប្រភេទនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមូលដ្ឋាន៖ បញ្ជីអ្នកបោះឆ្នោតរដ្ឋ និងបញ្ជីអ្នកបោះឆ្នោតក្រុមប្រឹក្សាក្រុង (សាលាសង្កាត់)។
បញ្ជីបោះឆ្នោតរដ្ឋ
អ្នកត្រូវតែចុះឈ្មោះ ហើយបោះឆ្នោតប្រសិនបើអ្នក៖
- ជាពលរដ្ឋអូស្ត្រាលី
- មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
- បានរស់នៅតាមអាសយដ្ឋានរបស់អ្នកយូរជាងមួយខែ។
ប្រសិនបើអ្នកបានក្លាយជាពលរដ្ឋអូស្ត្រាលី ប៉ុន្តែមិនទាន់បានចុះឈ្មោះបោះឆ្នោតទេ អ្នកត្រូវចុះឈ្មោះឱ្យមានទាន់ម៉ោង4 រសៀល នៅថ្ងៃពុធ ទី 7 ខែសីហា។
មនុស្សជាច្រើនបានចុះឈ្មោះបោះឆ្នោតនៅក្នុងពិធីចូលសញ្ជាតិ។ តើមិនប្រាកដថាអ្នកបានចុះឈ្មោះឬ? អ្នកអាចទូរសព្ទមកយើងតាមលេខ03 9209 0192 ដើម្បីពិនិត្យមើល។
អ្នកអាចធ្វើមួយណាក៏បានចុះឈ្មោះបោះឆ្នោតតាមអនឡាញ (ជាភាសាអង់គ្លេស)ឬក៏អ្នកអាចបំពេញទម្រង់បែបបទចុះឈ្មោះដែលបានបកប្រែ។
ទម្រង់បែបបទចុះឈ្មោះដែលបានបកប្រែនឹងបោះពុម្ពជាភាសាអង់គ្លេស។ អ្នកអាចចុះហត្ថលេខាលើវា ហើយផ្ញើវាមកយើងតាមអាសយដ្ឋាន៖
Victorian Electoral Commission
Reply Paid 66506
Melbourne VIC 8001
អ្នកមិនត្រូវការបង់ថ្លៃតែមទេ។
ពិនិត្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នក
នៅពេលដែលអ្នកមានឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតហើយ អ្នកត្រូវតែរក្សាព័ត៌មានលម្អិតរបស់អ្នកឱ្យបានទាន់បច្ចុប្បន្នភាព។ រៀងរាល់ពេលដែលអ្នកផ្លាស់លំនៅដ្ឋាន ឬផ្លាស់ប្តូរឈ្មោះរបស់អ្នក អ្នកចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតអំពីការចុះឈ្មោះរបស់អ្នក។
ប្រសិនបើអ្នកបានផ្លាស់ប្តូរលំនៅដ្ឋាន ឬផ្លាស់ប្តូរឈ្មោះរបស់អ្នកនាពេលថ្មីៗនេះ អ្នកត្រូវតែធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នកឱ្យបានមុនម៉ោង4 រសៀល នៅថ្ងៃពុធ ទី 7 ខែសីហា។
អ្នកអាចធ្វើបច្ចុប្បន្នភាពការចុះឈ្មោះរបស់អ្នកតាមអនឡាញ (ជាភាសាអង់គ្លេស)ឬប្រើទម្រង់បែបបទចុះឈ្មោះដែលបានបកប្រែដូចគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពអាសយដ្ឋានរបស់អ្នក ឬផ្លាស់ប្តូរឈ្មោះរបស់អ្នក។
បញ្ជីអ្នកបោះឆ្នោតក្រុមប្រឹក្សាក្រុង
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមូលដ្ឋានមានបទប្បញ្ញត្តិពិសេស។ ប្រសិនបើអ្នកមិនមែនជាពលរដ្ឋអូស្ត្រាលីទេ ប៉ុន្តែអ្នក៖
- ជាម្ចាស់អចលនទ្រព្យ អ្នករស់នៅក្នុងអចលនទ្រព្យ ឬតំណាងឱ្យសាជីវកម្ម ហើយបង់ពន្ឋដីធ្លីឱ្យសាលាក្រុងសម្រាប់អចលនទ្រព្យនោះ
- មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
- មិនទាន់មានឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតរដ្ឋនៅឡើយទេ
អ្នកអាចដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់ជាមួយក្រុមប្រឹក្សាមូលដ្ឋានរបស់អ្នក។
សាលាក្រុងមែលប៊នមានបទប្បញ្ញត្តិផ្ទាល់ខ្លួន។ ប្រសិនបើអ្នកជួលផ្ទះ អាផាតមិន ឬហាងនៅក្នុងសាលាក្រុងមែលប៊ន អ្នកក៏អាចដាក់ពាក្យសុំចុះឈ្មោះបោះឆ្នោតផងដែរ។
សូមទាក់ទងក្រុមប្រឹក្សាមូលដ្ឋានរបស់អ្នកដោយផ្ទាល់ ដើម្បីពិនិត្យមើលថាតើអ្នកជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះសម្រាប់ក្រុមប្រឹក្សាក្រុង ឬក៏ត្រូវដាក់ពាក្យសុំចុះឈ្មោះ។ អ្នកត្រូវតែចុះឈ្មោះជាមួយក្រុមប្រឹក្សាក្រុងនោះឱ្យបានមុនម៉ោង4 រសៀលនៅថ្ងៃពុធ ទី 7 ខែសីហា។
នៅពេលដែលអ្នកបានចុះឈ្មោះហើយ អ្នកត្រូវតែបោះឆ្នោត។ ប្រសិនបើអ្នកមិនបោះឆ្នោតទេ អ្នកអាចនឹងទទួលបានការផាកពិន័យ។
សូមអានបន្ថែមអំពីបញ្ជីអ្នកបោះឆ្នោតក្រុមប្រឹក្សាក្រុង។
របៀបបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមូលដ្ឋាន
យើងនឹងផ្ញើកញ្ចប់សន្លឹកឆ្នោតមួយទៅអ្នកចាប់ពីថ្ងៃចន្ទ ទី 7 ខែតុលា។
នៅក្នុងកញ្ចប់សន្លឹកឆ្នោតនោះនឹងមាន៖
- សន្លឹកឆ្នោតមួយ
- សេចក្តីថ្លែងការណ៍របស់អ្នកដែលឈរឈ្មោះបោះឆ្នោត
- ស្រោមសំបុត្រសន្លឹកឆ្នោតមួយ (សម្រាប់អ្នកដាក់សន្លឹកឆ្នោតរបស់អ្នក)
- ស្រោមសំបុត្រឆ្លើយតបដែលបានបង់ថ្លៃតែមរួចមួយ (សម្រាប់អ្នកដាក់ស្រោមសំបុត្រសន្លឹកឆ្នោតរបស់អ្នក)។
ក្រុមប្រឹក្សាក្រុងខ្លះនឹងមានខិតប័ណ្ណព័ត៌មាន ដែលមានសេចក្តីណែនាំនានាជាភាសាផ្សេងទៀតផងដែរ។
ដើម្បីឱ្យសន្លឹកឆ្នោតរបស់អ្នកយកជាផ្លូវការ អ្នកត្រូវតែបំពេញសន្លឹកឆ្នោតរបស់អ្នកឱ្យបានត្រឹមត្រូវ៖
- សរសេរលេខ 1 ក្នុងប្រអប់ក្បែរអ្នកដែលអ្នកចង់ឱ្យឈ្នះ
- សរសេរ 2 ក្នុងប្រអប់នៅក្បែរទីពីររបស់អ្នក
- បន្តសរសេរលេខ រហូតដល់ប្រអប់ទាំងអស់មានលេខ
- ប្រើតែលេខប៉ុណ្ណោះ។
សាលាក្រុងមែលប៊ន មានបទប្បញ្ញត្តិបោះឆ្នោតពិសេស។ ប្រសិនបើអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសាលាក្រុងមែលប៊ន អ្នកនឹងទទួលបានសន្លឹកឆ្នោតសន្លឹកឆ្នោត 2។ អ្នកត្រូវតែបំពេញសន្លឹកឆ្នោតទាំងពីរនោះ។
នៅលើសន្លឹកឆ្នោតតូច ដើម្បីជ្រើសរើសក្រុមអ្នកដឹកនាំ អ្នកត្រូវតែដាក់លេខប្រអប់ទាំងអស់ទៅតាមលំដាប់នៃជម្រើសរបស់អ្នក។
សន្លឹកឆ្នោតធំ គឺសម្រាប់ការបោះឆ្នោតជ្រើសរើសទីប្រឹក្សាក្រុង។ អ្នកអាចដាក់ '1' នៅខាងលើខ្សែបន្ទាត់សម្រាប់ក្រុមទីប្រឹក្សាក្រុងដែលអ្នកចង់តំណាងឱ្យអ្នក
ឬ
អ្នកអាចដាក់លេខប្រអប់នានានៅក្រោមខ្សែបន្ទាត់សម្រាប់ទីប្រឹក្សាក្រុងម្នាក់ៗ។ ប្រសិនបើអ្នកបោះឆ្នោតនៅក្រោមខ្សែបន្ទាត់ អ្នកត្រូវតែដាក់លេខគ្រប់ទាំងប្រអប់នៅក្រោមខ្សែបន្ទាត់ ទៅតាមលំដាប់នៃជម្រើសរបស់អ្នក។
របៀបផ្ញើការបោះឆ្នោតរបស់អ្នក
- ដាក់សន្លឹកឆ្នោតដែលបានបំពេញរួចរបស់អ្នក ទៅក្នុងស្រោមសំបុត្រសន្លឹកឆ្នោត (ដែលមានបន្ទះនៅលើវា) ហើយបិទវាឱ្យបានជិត។
- បំពេញព័ត៌មានលម្អិតរបស់អ្នកនៅលើបន្ទះដែលភ្ជាប់ទៅនឹងស្រោមសំបុត្រសន្លឹកឆ្នោតនោះ។
- ដាក់ស្រោមសំបុត្រសន្លឹកឆ្នោតដែលបានបិទជិត ទៅក្នុងស្រោមសំបុត្រឆ្លើយតបដែលបានបង់ថ្លៃតែមរួច មុននឹងអ្នកផ្ញើវា។
ផ្ញើវាមកយើងវិញឱ្យបានឆាប់ តាមដែលអ្នកអាចធ្វើទៅបាន។ ថ្ងៃផុតកំណត់សម្រាប់ការបោះឆ្នោតតាមប្រៃសណីយ៍របស់អ្នកគឺ ម៉ោង 6 ល្ងាច នៅ ថ្ងៃសុក្រ ទី 25 ខែតុលា។ សូមពិនិត្យមើលម៉ោងប្រមូលសំបុត្រដាក់ក្នុងប្រអប់សំបុត្រក្នុងមូលដ្ឋានរបស់អ្នក ដើម្បីប្រាកដថាការបោះឆ្នោតរបស់អ្នកត្រូវបានបផ្ញើទាន់ពេល។
អ្នកណាត្រូវតែបោះឆ្នោត
ប្រសិនបើអ្នកបានចុះឈ្មោះ អ្នកត្រូវតែបោះឆ្នោត។ ប្រសិនបើអ្នកមិនបោះឆ្នោតទេ អ្នកអាចនឹងទទួលបានការផាកពិន័យ $99 ប្រសិនបើអ្នកមិនមានហេតុផលត្រឹមត្រូវ។
រាល់ការបោះឆ្នោតមានតម្លៃ ហើយការបោះឆ្នោតរបស់អ្នកមានសារៈសំខាន់។ រាល់ការបោះឆ្នោត គឺជាឱកាសសម្រាប់អ្នកក្នុងការនិយាយអំពីអ្នកណាដែលតំណាងឱ្យអ្នកលើបញ្ហានានាដែលអ្នកយកចិត្តទុកដាក់។
ស្ថិតនៅទីឆ្ងាយក្នុងអំឡុងពេលបោះឆ្នោត
ប្រសិនបើអ្នកនឹងនៅស្ថិតទីឆ្ងាយពីអាសយដ្ឋានធម្មតារបស់អ្នកនៅរវាងថ្ងៃចន្ទ ទី 7 ដល់ថ្ងៃសុក្រ ទី 25 ខែតុលា អ្នកនៅតែអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង។
អ្នកអាចធ្វើមួយណាក៏បាន៖
- ស្នើសុំឱ្យយើងផ្ញើកញ្ចប់សន្លឹកឆ្នោតរបស់អ្នកទៅកាន់អាសយដ្ឋានផ្សេងមួយ។ យើងនឹងមានទម្រង់បែបបទអនឡាញសម្រាប់សំណើរនេះចាប់ពីថ្ងៃទី ថ្ងៃពុធ ទី 7 ខែសីហា។
- បោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងក្រុមប្រឹក្សាក្រុងរបស់អ្នកនៅថ្ងៃធ្វើការ នៅរវាងថ្ងៃព្រហស្បតិ៍ ទី 19 ខែកញ្ញា ដល់ថ្ងៃសុក្រ ទី 25 ខែតុលា។ស្វែងរកការិយាល័យបោះឆ្នោតរបស់ក្រុមប្រឹក្សាក្រុងអ្នក។
អនុញ្ញាតឱ្យពួកយើងដឹងប្រសិនបើអ្នកស្ថិតនៅទីឆ្ងាយ
ប្រសិនបើអ្នកនឹងស្ថិតនៅទីឆ្ងាយពីរដ្ឋវិកថូរៀ នៅរវាងថ្ងៃចន្ទ ទី 7 ដល់ថ្ងៃសុក្រ ទី 25 ខែតុលា ហើយមិនអាចបោះឆ្នោតនៅការិយាល័យបោះឆ្នោត ឬផ្ញើកញ្ចប់សន្លឹកឆ្នោតរបស់អ្នកទៅកាន់អាសយដ្ឋានផ្សេងទៀតបានទេ អ្នកអាចប្រាប់យើងឱ្យដឹង។
នេះមានន័យថា យើងដឹងថាអ្នកមិនអាចបោះឆ្នោតបានទេ។
ហៅទូរសព្ទ03 9209 0192ដើម្បីនិយាយមកកាន់យើងជាមួយអ្នកបកប្រែផ្ទាល់មាត់។
អ្នកក៏អាចបំពេញទម្រង់បែបបទ ស្ថិតនៅទីឆ្ងាយពីរដ្ឋវិកថូរៀ (Away from Victoria) (ជាភាសាអង់គ្លេស) នៅពេលអ្នកពិនិត្យមើលព័ត៌មានចុះឈ្មោះរបស់អ្នក។
VoterAlert (ការជូនដំណឹងអ្នកបោះឆ្នោត)
VoterAlert គឺជាសេវាកម្មរម្លឹកការបោះឆ្នោតតាមសារ SMS និងអ៊ីមែលដែលឥតគិតថ្លៃ។ អ្នកអាចទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោត និងការរម្លឹកអំពីការបោះឆ្នោត (ជាភាសាអង់គ្លេស)។
អ្នកឈរឈ្មោះបោះឆ្នោត
អ្នកអាចរកមើលមនុស្សដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅក្នុងតំបន់របស់អ្នកចាប់ពីថ្ងៃចន្ទទី 9 ខែកញ្ញា (ជាភាសាអង់គ្លេស)។ យើងក៏នឹងផ្ញើឱ្យអ្នកនូវកូនសៀវភៅមួយ ដែលមានជម្រើសនៃមនុស្សដែលត្រូវបោះឆ្នោតឱ្យ ជាមួយនឹងកញ្ចប់សន្លឹកឆ្នោតរបស់អ្នក។
ឈរឈ្មោះបោះឆ្នោត
ប្រសិនបើអ្នកចង់ឈរឈ្មោះបោះឆ្នោត អ្នកត្រូវតែតែងតាំង។ អ្នកចាំបាច់ត្រូវយល់ដឹងពីបទប្បញ្ញត្តិនានា មុនពេលអ្នកអាចតែងតាំង។
ហៅទូរសព្ទលេខ 03 9209 0192ដើម្បីនិយាយមកកាន់យើងជាមួយអ្នកបកប្រែផ្ទាល់មាត់ ដើម្បីស្វែងយល់បន្ថែមអំពីបទប្បញ្ញត្តិទាំងនេះ។
ការតែងតាំងដើម្បីឈរឈ្មោះបោះឆ្នោតបើកនៅម៉ោង9 ព្រឹក នៅថ្ងៃចន្ទ ទី 9 ខែកញ្ញា។ ការតែងតាំងនេះបិទនៅម៉ោង12 ថ្ងៃត្រង់ នៅថ្ងៃអង្គារ ទី 17 ខែកញ្ញា។
ស្វែងយល់បន្ថែមអំពី ការឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស (ជាភាសាអង់គ្លេស)។
ប្រសិនបើអ្នកមិនបោះឆ្នោត
ប្រសិនបើអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ហើយអ្នកមិនបានបោះឆ្នោតទេ អ្នកនឹងទទួលបានលិខិតមួយច្បាប់ពីយើងបន្ទាប់ពីការបោះឆ្នោត ដែលសួររកហេតុផលរបស់អ្នក។ នេះមិនមែនជាការផាកពិន័យទេ ប៉ុន្តែវាជាការសំខាន់ដែលអ្នកត្រូវឆ្លើយតបមកយើង។ សរសេរហេតុផលដែលអ្នកមិនបានបោះឆ្នោតនៅលើទម្រង់បែបបទនេះ ហើយផ្ញើវាមកយើងវិញ។
ប្រសិនបើអ្នកមិនផ្ញើលិខិតនោះមកវិញទេ ឬអ្នកមិនមានហេតុផលល្អក្នុងការមិនបានបោះឆ្នោត អ្នកប្រហែលជាត្រូវបង់ប្រាក់ពិន័យ $99។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកមានចម្ងល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមូលដ្ឋាន ឆ្នាំ 2024 សូមហៅទូរសព្ទលេខ03 9209 0192ដើម្បីនិយាយមកកាន់យើងជាមួយអ្នកបកប្រែផ្ទាល់មាត់។